បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​បេ្តជ្ញា​សហការ​ការងារ​ល្អ​ជាមួយ​មន្រ្តី​បក្ស​កាន់​អំណាច

0
44

បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​បេ្តជ្ញា​សហការ​ការងារ​ល្អ​ជាមួយ​មន្រ្តី​បក្ស​កាន់​អំណាច

Op-Ed: VOA Khmer 27 មិថុនា 2022


លោក យាប់ យ៉ូត អាយុ៥២ឆ្នាំ បេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ឲ្យវីអូអេនៅផ្ទះរបស់លោកក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក យាប់ យ៉ូត អាយុ៥២ឆ្នាំ បេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ឲ្យវីអូអេនៅផ្ទះរបស់លោកក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

ឃុំ​ក្រយា ខេត្តកំពង់ធំ — 

ការ​សហការ​គ្នា​ល្អ និង​ចេះ​សម្រប​សម្រួល​គ្នា​ជា​ការ​ចង់​បាន​របស់​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​ជាប់​ឆ្នោត គឺ​លោក​ យាប់ យ៉ូត អាយុ​៥២​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ប្រាសាទ​បាល្ល័ង្គខេត្ត​កំពង់ធំ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ លោក យាប់ យ៉ូត ដែល​ធ្វើ​នយោបាយ​ជាមួយ​អតីត​គណបក្ស​ជាតិ​ខ្មែរ តាំង​ពីឆ្នាំ​១៩៩៨ បាន​ថ្លែង​ថា៖ «បើ​ចំពោះ​ខ្ញុំ​ផ្ទាល់​ ប្រជាជន​លោក​គាំទ្រ​សំឡេង​ខ្ញុំ វា​ច្រើន​ជាង​លោក​[មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា] អ៊ីចឹង ​ហើយ​នេះ​ជា​សំឡេង​តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​រៀងៗ​ខ្លួន​ហើយ។ ហើយ​យើង​មិន​ត្រូវ​ជែង​គ្នា ឬ​ក៏​ឈ្លោះ​ប្រកែក​គ្នា​ដោយសារ​តែ​រឿង​មុខ​តំណែង ព្រោះ​ប្រជា​ជន​ជា​អ្នក​កាត់​ក្តី​ឲ្យ​ហើយ យើង​ជា​អ្នក​បម្រើ​ពួក​គាត់​តែ​ប៉ុណ្ណោះ»។

លោក យ៉ូត បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្គ​ ខេត្ត​កំពង់ធំ ដោយ​ឈ្នះ​បាន​៤​អាសនៈ ក្នុង​ចំណោម​៧​អាសនៈ។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​៣អាសនៈ។ លោក​ យ៉ូត ធ្លាប់​ជាប់​ឆ្នោត​ជា​មេឃុំ​កាល​ពី​ឆ្នាំ​២០១២ និង​នៅ​ឆ្នាំ​២០​១៧ ប៉ុន្តែ​បាន​បំពេញ​ការងារ​តែ​ជាង​៣​ខែ​ប៉ុណ្ណោះ​ មុន​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។លោក​បន្ត​ថា​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​គាំទ្រ​រូប​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិទី​៥​នេះ។

លោក​បន្ថែម​ថា៖ «គាត់​ឃើញ​ទង្វើ​ដែល​យើង​បាន​ឃើញ​កន្លង​មក គាត់​មាន​ការ​ស្រឡាញ់ ហើយ​ពេញ​ចិត្ត។ គាត់​មិន​អស់​ចិត្ត មិន​អស់​ថ្លើម រហូត​ដល់​ពេល​នេះ ខ្ញុំ​ឈរ​ជា​គណបក្ស​ភ្លើង​ទៀន គាត់​ក៏​បោះ​ឆ្នោត​ជូន​ខ្ញុំ​ទៀត អ៊ីចឹង​បាន​ន័យ​ថា​ឈ្នះ​ដោយ​ទង្វើ​របស់​យើង​ដែល​ធ្វើ​កន្លង​មក»។

លោក យ៉ូត មិន​បាន​ធ្វើ​សកម្មជន​ភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ហើយ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ត្រូវ​បាន​រំលាយ។ លោក​មិន​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ បើ​ទោះ​មាន​ការ​បញ្ចុះបញ្ចូល​ក៏​ដោយ។ លោក​ យ៉ូត ឲ្យ​ដឹង​ថា​លោក​ក៏​ត្រូវ​បាន​អាជ្ញាធរ​តាម​ដាន​សកម្មភាព​របស់​លោក​ជា​បន្ត​បន្ទាប់។

គណបក្ស​ភ្លើង​ទៀន​ឈ្នះ​តំណែង​មេ​ឃុំ​តែ​៤​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស និង​តំណែង​ក្រុម​ប្រឹក្សា​ប្រមាណ​២.២០០​នៅ​ទូទាំង​ប្រទេស ដែល​ស្មើ​ប្រមាណ​១៨%​នៃ​អាសនៈ​សរុប។

នៅ​ក្នុង​ពិធី​អបអរ​សាទរ​សកម្មជន​ដែល​ជាប់​ឆ្នោត ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់​ធំ លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​ថ្លែង​ថា​គណបក្ស​ប្រឆាំង​ដែល​ចូលរួម​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា គឺ​ជា​គណបក្ស​ភ្លើង​ទៀន ដែល​ទើប​មាន​សកម្មភាព មិន​មែន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្នះ​បាន​តំណែង​មេឃុំ​ជិត​៥០០ កាល​ពី​ឆ្នាំ​២០១៧។

លោក ថាច់ សេដ្ឋា ជំរុញ​ឲ្យ​សកម្មជន​របស់​ខ្លួន​បន្ត​សាមគ្គីភាព និង​ជម្នះ​ការ​គំរាម​កំហែង​នានា ដែល​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ទៀត។

លោក​បញ្ជាក់​ថា៖ «ទាល់​តែ​យើង​ឈប់​ខ្លាច​គេ ដល់​តែ​យើង​ឈប់​ខ្លាច​គេ គេ​ខ្លាច​យើង​ហើយ»។

លោក យ៉ូត ដែល​នឹង​ដឹកនាំ​ឃុំ​ក្រយា​នៅ​ពេល​ខាង​មុខ ថ្លែង​ថា​លោក​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន ដោយ​សារ​គណបក្ស​នេះមាន​គោលការណ៍​ដូច​គ្នា​នឹង​គណបក្ស​ដែល​លោក​ពេញ​ចិត្ត ដូច្នេះ​លោក​មិន​ត្រូវ​រង់ចាំ​ឡើយ។

លោក យាប់ យ៉ូត (ទីពីរ រាប់ពីធ្វេងដៃ)នៅក្នុងពិធីអបអរសាទរមេឃុំនិងក្រុមប្រឹក្សាឈ្នះឆ្នោតរបស់គណបក្សភ្លើងទៀន នៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក យាប់ យ៉ូត (ទីពីរ រាប់ពីធ្វេងដៃ)នៅក្នុងពិធីអបអរសាទរមេឃុំនិងក្រុមប្រឹក្សាឈ្នះឆ្នោតរបស់គណបក្សភ្លើងទៀន នៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

នៅ​ឆ្នាំ​ក្រោយ​នេះ លោក​ចង់​ឃើញ​គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​ជ័យ​ជម្នះ​ដឹកនាំ​ប្រទេស។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​ឃើញ​បោះឆ្នោត​ឆ្នាំ​ក្រោយ មាន​ភាព​ជោគជ័យ ខ្ញុំ​ចង់​ឃើញ រង់ចាំ​យូរ​ហើយ ចង់​ឃើញ​គណបក្ស​ភ្លើង​ទៀន​បាន​ជោគ​ជ័យ​នា​ពេល​ខាង​មុខ»។

លោក យាប់ យ៉ូត ដែល​ជា​សកម្មជន​ថ្នាក់​ក្រោម​របស់​គណ​បក្ស​ប្រឆាំង​ជាង​២០​ឆ្នាំ​មក​ហើយ ចង់​ឃើញ​ឃុំ​របស់​លោក​មាន​ការ​រីក​ចម្រើន ហើយ​ប្រជា​ពលរដ្ឋ​រស់​នៅ​បាន​សុខសាន្ត។ លោក​បាន​ប្តេជ្ញា​ថា​លោក​នឹង​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ ក្រោយ​ខកខាន​មិន​បាន​ដឹកនាំ​ឃុំ​នេះ​រយៈ​ពេល​៥​ឆ្នាំ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

លោក​បញ្ជាក់​ថា៖ «ចំពោះ​ពេល​ខាង​មុខ ខ្ញុំ​នឹង​ប្តេជ្ញា​បម្រើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដូច​ឪពុក​ម្តាយ​ដែល​បម្រើ​កូន​របស់​ខ្លួន ដែល​នៅ​តូច​អ៊ីចឹងបាទ»។

ទោះ​ជា​យ៉ាង​ណា លោក យ៉ូត យល់​ថា​គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ ដែល​អាច​រង​ការ​រំលាយ​បន្ត​ទៀត។

លោក​បន្ថែម​ថា៖ «ផុយ​ស្រួយ​ក្នុង​ការ​ដែល​គេ​បញ្ឈប់​ឬ​គេ​រំលាយ​ឬ​ក៏​គេ​ធ្វើ​យ៉ាងម៉េច​ធ្វើ​អី វា​ផុយ​ស្រួច​នៅ​ពេល​ខាង​មុខ។ បើ​ថា​យើង​ទាំង​អស់ សមាជិក​សមាជិកា​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម បើ​ថា​មិន​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ទេ វា​ងាយ​នឹង​ផុយ​ស្រួយ​ហ្នឹង​ឯង»។

សកម្មជន​នយោបាយ​នៅ​ក្នុង​ឃុំ​ក្រយា​រូប​នេះ​ក៏​ចង់​ឃើញ​ថ្នាក់​ដឹកនាំ​ខាង​លើ​ត្រូវ​រ៉ូវ​គ្នា​ផង​ដែរ​ ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​រឹង​មាំ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​លោក​ថា​លោក​គ្រាន់​តែ​ជា​សកម្មជន​ថ្នាក់​ក្រោម​មួយ​រូប ដែល​បាន​ត្រឹម​តែ​ការ​សោកស្តាយ​ចំពោះ​ការ​បែក​បាក់​គ្នា​របស់​ថ្នាក់​ដឹកនាំ។

លោក​ថ្លែង​ថា៖«តែ​បើ​សិន​អ្នក​ទាំង​នោះ​អាច​រួបរួម​គ្នា សហការគ្នា បូក​គ្នា ក៏​ខ្ញុំ​អរគុណ​ជា​អនេកប្បការ​ដែរ តែ​បើ​គាត់​បែក​គ្នា មិន​ដឹង​ធ្វើ​ម៉េច​ជា​រឿង​របស់​គាត់ មាន​តែ​ការ​សោក​ស្តាយ»៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleអគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍
Next articleប្រជាធិបតេយ្យអាស៊ី(CALD) ឱ្យទៅចូលរួមបេសកកម្មប្រតិបត្តិការ នៅប្រទេសអាល្លឺម៉ង់

Leave a reply

Please enter your comment!
Please enter your name here