ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ក្តីក្តាំ​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង

0
13

ប្រភពពត៌មានវិទ្យុវីអូអេ

ភ្នំពេញ — 

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ថា​តុលាការ​ឯករាជ្យ គឺ​ជា​ចេតនាដែល​មិន​ចង់​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ និង​រង​ការ​ចោទ​ប្រកាន់។

លោក សុន ឆ័យ ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ ក៏​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​សកម្មជន​របស់​ខ្លួន​ផង​ដែរ។

លោក សុន ឆ័យ បាន​ដឹកនាំ​មន្ត្រី​របស់​លោក​ជួប​ជាមួយ​មន្ត្រី​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ថ្នាក់​ក្រោម​របស់​លោក។

នៅ​ក្នុង​ជំនួប​នោះ លោក​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ និង​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ចំពោះ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​នីតិវិធី​តុលាការ។ លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ពន្យា​នីតិវិធី​តុលាការ​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ដែល​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលា​ការ ដោយ​កុំ​ឱ្យ​មាន​ការ​កោះ​ហៅ​ក្នុង​អំឡុង​ពេល​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

លោក សុន ឆ័យ ប្រាប់​វីអូអេ​ថា​ សម្មជន​គណបក្ស​របស់​លោក​មិន​បាន​ប្រព្រឹត្តអ្វី​ខុស​នោះ​ទេ ហើយ​លោក​បញ្ជាក់​ថា​ការ​ស្នើ​សុំ​របស់​ក្រុម​លោក​មិន​មាន​ចំណុច​ត្រង់​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់ ក៏​ដូច​ជា​រដ្ឋ​ធម្មនុញ្ញ​ឡើយ។ លោក​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​រឿង​ក្តីក្តាំ​ផ្សេងៗ​ដែល​កើត​មាន​លើ​សមាជិក​គណបក្ស​ភ្លើង​ទៀន។

លោក​ថ្លែង​ថា៖ «ហើយ​តុលាកា​ស្រុក​ខ្មែរ​យើង​ហ្នឹង​ មួយ​ផ្នែក​ពុក​រលួយ ហើយ​មួយ​ផ្នែក​ទៀត​ ក៏​បម្រើ​គណបក្ស​នយោបាយ​ដែរ​ទេ»។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នោះ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា សំណើ​ទាំង​នោះគឺ​ជា​«សមត្ថកិច្ច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ»។ លោក​បញ្ជាក់​ថា ​ក្រសួង​យុត្តិធម៌​«ពុំ​មាន​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​ក្នុង​ការ​ជ្រៀត​ជ្រែក​កិច្ចការ​របស់​តុលាការ​នោះ​ទេ»។

មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ​បន្ថែម​ថា​ ក្រសួង​យុត្តិធម៌​ក៏​បាន​ស្នើ​ទៅ​តំណាង​គណបក្ស​ភ្លើង​ទៀន ឱ្យ​ជួយ​ណែនាំ​ទៅ​សកម្មជន​របស់​ខ្លួន​ក្នុង​ការ​គោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​ប្រសិន​បើ​មិន​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់។

លោក ជិន ម៉ាលីន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ព្រោះ​អី​សំណើ​របស់​គាត់​[លោក សុន ឆ័យ] វា​សុទ្ធ​តែ​ជា​សំណើ​ដែល​សុំ​ឱ្យ​ក្រសួង​បំពាន​រដ្ឋធម្មនុញ្ញ​ បំពាន​ច្បាប់​ បំពាន​អំណាច​តុលាការ។ ប៉ុន្តែ​លូក​លាន់​ចូល​កិច្ច​ការ​របស់​តុលាការ​ ដែល​កន្លងមក​ ក្រុម​របស់​គាត់​រិះគន់​រដ្ឋាភិបាល​ រិះគន់​ក្រសួង​ថា​ជ្រៀត​ជ្រែក​ លូកលាន់​កិច្ច​ការ​តុលាការ រិះ​គន់​តុលាការ​មិន​ឯករាជ្យ​ ក៏​ប៉ុន្តែ​ដល់​ពេល​ឥឡូវ​នេះ គាត់​បែរ​ជា​ស្នើ​សុំ​ឱ្យ​ក្រសួង​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ​ បំពាន​រដ្ឋធម្មនុញ្ញ បំពាន​បទបញ្ញត្តិ​ទៅ​វិញ។ អាហ្នឹង​ ខ្ញុំ​ក៏​មិន​យល់​ដែរ​អាហ្នឹង»។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក​ ស៊ឹង សែនករុណា យល់​ថា ​រដ្ឋាភិបាល​ជានិច្ចកាល​ការពារ​ថា​តុលាការ​ឯករាជ្យ ពោល​គឺ​មិន​ស្ថិត​នៅ​ក្រោម​អំណាចឬ​ក៏​សម្ពាធ​របស់​រដ្ឋាភិបាល​ឡើយ។ ទោះ​ជា​យ៉ាងណា លោក​បញ្ជាក់​ថា តុលាការ​កម្ពុជា​មិន​ឯក​រាជ្យ​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «អ្វី​ដែល​ជា​ការ​អនុវត្ត​ជាក់​ស្តែង​ គឺ​តាម​រយៈ​ការ​មើល​ឃើញ​អំពី​សកម្មភាព​ដែល​មាន​ទៅ​លើ​ការ​អនុវត្ត​តួនាទី​ទាំង​អស់​ហ្នឹង ​ដែល​អាច​បញ្ជាក់​ថា​អ្វី​ទាំង​អស់​ហ្នឹង គឺ​មិន​ស្ថិត​នៅ​ក្នុង​ឯករាជ្យភាព ឬ​ក៏​អព្យាក្រឹតភាព​ទេ»។

គួរ​បញ្ជាក់​ថា​គណបក្ស​ភ្លើង​ទៀន​ធ្លាប់​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ខែ​មីនា ​ឆ្នាំ​២០២២​ សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ហៅ​ទៅ​សួរនាំ​ដោយ​គ្មាន​បង្ហាញ​ដីកា ​ឬ​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ៕

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleទិន្នន័យល្អៗមួយចំនួនសម្រាប់បេក្ខជនឃុំសង្កាត់
Next articleកម្រិត​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ស៊ីសង​លើ​ការ​បោះឆ្នោត​មូលដ្ឋាន

Leave a reply

Please enter your comment!
Please enter your name here