កម្រិត​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ស៊ីសង​លើ​ការ​បោះឆ្នោត​មូលដ្ឋាន

0
18

07 ឧសភា 2022

ភ្នំពេញ — ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​កាន់​អំណាច​យូរ​ឆ្នាំមក​ហើយ​នោះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​គ្មាន​ដៃគូ​ប្រកួត​ប្រជែង​នោះ​ទេ ដោយ​សារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧ ​ដែល​មាន​សំឡេង​គាំទ្រ​ពេញ​និយម​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​មុន។ ​

ការ​បង្ក្រាប​បន្ថែម​ទៀត​លើ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ធ្វើឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ច្របូក​ច្របល់ ​និង​រង្គោះ​រង្គើ​ក្នុង​ការ​កសាង​កម្លាំង​របស់​ខ្លួនឡើង​វិញ។ ​អ្នក​គាំទ្រ​ខ្លះ​អះអាង​ថា​ ពួក​គេ​ត្រូវ​គេ​បាន​វាយ​ដំ​ ហើយ​ម្នាក់​ត្រូវ​គេ​ចាក់​សម្លាប់​កាល​ពី​ខែ​វិច្ឆិកា ​ហើយ​មាន​ពាក្យ​បណ្ដឹង​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទៀត​ផង។​

លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ (Future Forum) បាន​ប្រាប់​ VOA​ ថា​ ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី ៥ នេះ​ អាច​ជា​ការ​សាកល្បង​ប្រជាមតិ​របស់​អ្នក​បោះឆ្នោត​ លើ​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​បរិយាកាស​នយោបាយ​មួយ ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ។​

លោក​ អ៊ូ វីរៈ បាន​ថ្លែង​ក្នុង​សម្តី​ដើមថា​៖ «បញ្ហា​ចម្បង​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ខាង​មុខ​នេះ គឺ​យុត្តិធម៌​ នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ ​បញ្ហា​ចម្បង​គឺ​ថា​ តើ​ការ​បោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​បាន​ឬ​ទេ? ហើយសំខាន់​ជាង​នេះ​ទៅ​ទៀត​ គឺ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជាជន​កម្ពុជា​ តើ​ការ​បោះឆ្នោត​នេះ​សេរី​និង​យុត្តិធម៌​ឬ​ទេ? ហើយ​ថា​ តើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​ឥស្សរជន​សំខាន់ៗ ​របស់​គណបក្ស​ប្រឆាំង​ អាច​ចូលរួម​បាន​ដែរ​ឬ​ទេ?​ ខ្ញុំ​គិត​ថា ​នោះ​ជា​រឿង​ដ៏​ធំ​បំផុត»។​

បេក្ខជន​ជាង​ ៨២.៧០០ ​នាក់​មក​ពីគណបក្ស​ចំនួន​ ១៧ ​នឹង​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ក្រុម​ប្រឹក្សា​ទាំង ​១១.៦៦២ ​ក្នុង​ឃុំ​សរុប​ចំនួន ១.៦៥២។​ គណបក្ស​ភ្លើងទៀន​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​អតីត​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​ខ្លួន​ជា​គូ​ប្រជែង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​ស្ទើ​តែ​ទាំង​អស់​ លើក​លែង​ឃុំ​ចំនួន ៣។​

លោក​ អ៊ូ វីរៈ ​មាន​ប្រសាសន៍​ថា ​គណបក្ស​នយោបាយ​ចំនួន​ ១៥​ ផ្សេង​ទៀត​ មិនសូវ​មានប្រជាប្រិយ​ភាព ឬ​ភាព​ជឿជាក់​ពី​សាធារណជន ​ក្នុង​កម្រិត​មួយ​ដែល​អាច​ក្លាយ​ជា​គ្រោះថ្នាក់​នយោបាយដល់គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្នាក់​មូលដ្ឋាន​នោះ​ទេ។​

រូបឯកសារ៖ រូបថតលោក កឹម សុខា ត្រូវបានទុកលើឆាកធ្វើសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ រូបថតលោក កឹម សុខា ត្រូវបានទុកលើឆាកធ្វើសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ (អូន ឆេងប៉រ/វីអូអេ)

ដោយ​និយាយ​សំដៅ​លើ​លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិនិរទេស​ខ្លួន​ដែល​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារជាច្រើន​ បើ​លោក​វិលទៅ​ប្រទេស​កម្ពុជា​វិញ​នោះ​ លោក​ អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា៖ «គណបក្ស​ភ្លើងទៀន​នឹង​ជា​គណបក្ស​ដ៏​សំខាន់ ​ដែល​ត្រូវ​តាម​មើល ព្រោះ​នោះ​ជា​ការ​ចាប់​បដិសន្ធិ​ឡើង​វិញ​របស់​គណបក្ស​ សម រង្ស៊ី»។

គណបក្ស ​សម រង្ស៊ី​ បាន​រួម​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ដឹកនាំ​ដោយ​លោក ​កឹម សុខា ​នៅឆ្នាំ ​២០១២ ​ដើម្បី​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ។​ លោក ​កឹម សុខា​ បច្ចុប្បន្ន​កំពុង​ជាប់ពាក់ព័ន្ធ​នឹងសំណុំរឿង​ក្បត់ជាតិ ដោយ​លោកមិន​អាច​ចេញ​ក្រៅ​ប្រទេស។

អ្នកវិភាគ​បាន​និយាយ​ថា ​បញ្ហា​ប្រឈម​នៅ​តាម​មូលដ្ឋាន​ រួមមាន​កំណើន​ចំណាយ​សម្រាប់ជីវភាព​រស់​នៅប្រចាំ​ថ្ងៃ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​ស្ថានភាព​នៃ​ទន្លេ​មេគង្គ ​ដែល​ជលផល​នេសាទ​ថយចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​ ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ ការ​នេសាទ​ខុសច្បាប់ ​និង​ភាព​រាំង​ស្ងួត​រយៈពេល​បីឆ្នាំ​មក​នេះ។

អ្នកវិភាគ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់ ​VOA ​ថា​ សំខាន់​ជាង​គេ​នោះ ​តម្លៃ​ស្រូវ​អង្ករ​ដែល​នៅ​ដដែល​ ប៉ុន្តែ​ស្រូវសាលី ពោត ​ប្រេង​ឥន្ធនៈ ប្រេងឆា​ និង​ប្រេងដូង​ឡើង​ថ្លៃ​ខ្លាំង ​ដែល​ប៉ះពាល់​ប្រជាជន​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា។​

លោក ​Bradley Murg ​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៅវិទ្យាស្ថាន​កម្ពុជា​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​និង​សន្តិភាព ​បាន​និយាយ​ថា៖ «សំខាន់​បញ្ហា​ចម្បង​ពីរ​នៅ​ត្រង់​ថា តើ​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​និង​ការ​ការពារ​បរិស្ថាន។ ​ទី ១ គឺ​បញ្ហាការ​ត្រឡប់​ទៅ​រក​ស្ថានភាព​ប្រក្រតី​ផ្នែក​សេដ្ឋកិច្ច​ក្នុងកម្រិត​ជាក់​លាក់​មួយ​ និង​ការ​ស្តារការ​អភិវឌ្ឍ​ទៅ​រកកម្រិត​ដែល​ប្រទេស​កម្ពុជា​ធ្លាប់​សម្រេច​បាន​ មុន​ពេល​ជំងឺ​កូវីដ១៩ រាតត្បាត។ ទន្ទឹម​នឹង​នេះ ​កម្ពុជា​បន្ត​ប្រឈម​នឹង​បញ្ហា​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ ព្រម​ទាំង​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​បឹង​ទន្លេសាប»។​

លោក ​Murg ​បានបន្ថែមថា៖ «បញ្ហា​ទាំង​អស់​នេះ​ទំនង​ជា​ចំណុច​សំខាន់​សម្រាប់​ប្រជាជន​នៅ​តាម​តំបន់​ជនបទ ​និង​ក្រុម​ប្រជាជន​វណ្ណៈ​កណ្តាល​ដែល​រស់នៅក្នុង​ទីក្រុង​ផង​ដែរ»។​

ទស្សនៈ​របស់​លោក Murg ​ត្រូវ​បាន​យល់​ស្រប​ដោយ អ្នកនាង​ Abby Seiff អ្នក​និពន្ធ​សៀវភៅ ​Troubling the​ Water: A Dying Lake and a Vanishing World in Cambodia។

អ្នក​នាង Seiff បាន​ថ្លែង​ថា៖ «តាម​ការ​យល់​ឃើញ​របស់អ្នក​នេសាទ​នៅ​តាម​មូលដ្ឋាន ​ដែល​ពឹង​ផ្អែក​លើ​ទន្លេ​មេគង្គ​ ទន្លេ​កាន់តែ​រាក់​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​អ្នក​ពិត​ជា​អាច​សង្ឃឹម​ថា នេះ​ជា​បញ្ហា​ដែល​មន្ត្រី​មូលដ្ឋាន​លើក​ឡើង ​ហើយ​បញ្ជូន​ទៅ​ថ្នាក់​ជាតិ ​ដែលត្រូវ​ចាត់​វិធានការ»។

អ្នក​នាង​បាន​បន្ត​ថា៖ ​«ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​មិន​អាច​ធ្វើ​កិច្ចការ​ជា​ច្រើន​បាន ដូច្នេះ​ខ្ញុំ​យល់​ថា​ ពួកគេ​ត្រូវ​អំពាវនាវ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​ដើម្បី​រក​វិធានការ»។​

តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ PTT ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
តម្លៃ​ប្រេង​សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ PTT ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ដោយ​ឡែក ការ​លុកលុយ​របស់​រុស្ស៊ី​លើប្រទេសអ៊ុយក្រែន​ ក៏​ជា​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​តម្លៃ​ប្រេង​ និង​តម្លៃ​ផលិតផល​កសិកម្ម​ឡើង​ថ្លៃ​ ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ក៏ត្រូវ​បាន​ចុះ​ខ្សោយដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​របស់​ចិន ​និង​អវត្តមាន​ភ្ញៀវ​ទេសចរ​បរទេស​ ដោយសារ​ជំងឺ​រាតត្បាត​រួច​ទៅ​ហើយ​នោះ។​

មន្ត្រី​នានា​និយាយ​ថា ​ជំងឺ​រាតត្បាត​កូវីដ១៩ ក៏ធ្វើឱ្យ​ប៉ះពាល់​ដល់ការងារ​ប្រហែល​ ៦​ លាន នៅក្នុង​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ក្នុង​ចំណោម​ប្រជាជន​ចំនួន​ ១៦ លាន​ ៥​ សែន​នាក់ ដោយ​អ្នក​វិភាគ​និយាយ​ថា​ ជា​កម្លាំង​ពលកម្ម​ដ៏​សំខាន់​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ប្រមាណ ៨០% ។ ​យោង​តាម​ក្រសួង​ផែនការ នា​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ហក់​ឡើង​ពី​ប្រហែល​ ១៣%​ ដល់​ជិត ​១៨%។​

លោក ​អ៊ូ វីរៈ ​ក៏​បាន​និយាយ​ផង​ដែរ​ថា ​អតិផរណា ​និង​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូវីដ១៩​ នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​អ្នក​បោះឆ្នោត ​ជាពិសេស​អ្នក​បោះឆ្នោត​នៅ​តំបន់​ជនបទ​ក្រីក្រ។ ​

លោក​បាន​ថ្លែង​ថា៖ ​«នៅ​ក្នុង​ប្រទេស​នេះ ​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​មិន​អាច​ដំណើរការ​ល្អ​ ដូច​ការ​រំពឹង​ទុក ​ឬ​មិន​លឿន​ដូច​ការ​យើង​សង្ឃឹម​នោះ​ទេ។ ​ដូច្នេះ​រឿង​ជា​ច្រើន​នេះ​នឹង​មាន​ឥទ្ធិពល​លើ​សំឡេងឆ្នោត។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ក្នុង​ក្រសែ​ភ្នែក​ប្រជាជន​កម្ពុជា ​ក្នុង​ចិត្ត​ប្រជាជន​កម្ពុជា ​ការ​បោះឆ្នោត​នេះ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​គ្រាន់​តែជា​ការ​ធ្វើ​ប្រជាមតិ​អំពី​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ»។

ក្រសួង​ហិរញ្ញ​វត្ថុ​បាន​ត្រៀម​ថវិកា​ប្រមាណ ​១,២ ​ពាន់លាន​ដុល្លារ ​ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​ ហើយ​រដ្ឋាភិបាល​ក៏​បាន​បង្កើត​មូលនិធិ​បម្រុង​ចំនួន​ ២០០ ​លាន​ដុល្លារ​ ដែល​ជា​មូលនិធិ​ដំបូង​ដើម្បី​ជួយ​ប្រជាជន​ក្រីក្រ​ដោយ​ផ្ទាល់។ ​

លោក ​Murg ​បាន​ថ្លែង​ថា៖ «តាម​ទស្សនៈ​របស់​ខ្ញុំ​ ទាំង​នេះ​នឹង​ក្លាយ​ជា​ចំណុច​ស្នូល​ជាមូលដ្ឋាន​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​នា​ពេល​ខាង​មុខ»។ ​

លោក​ Murg ​បាន​បន្ថែម​ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក៏​នឹងក្លាយ​ជា​ការ​ស្ទាប​ស្ទង់​មតិ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ៕ ​

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ក្តីក្តាំ​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង
Next articleមេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ

Leave a reply

Please enter your comment!
Please enter your name here