បទបាថកថារបស់លោកលី ម៉េងឃាង ប្រធានគណកម្មការប្រតិបត្តិខេត្តកណ្តាល

0
29

ជាបឋម ខ្ញុំព្រះករុណា ខ្ញុំបាទ

  • សូមក្រាបថ្វាយបង្គំ ព្រះសង្ឃ, ព្រះថេរា ព្រះថេរគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
  • សូមគោរព ឯកឧត្តម ទាវ វណ្ណុល លោកប្រធាន គណបក្សភ្លើងទៀន ជាទីគោរព!
  • សូមគោរព ឯកឧត្តម សុន ឆ័យ ឯកឧត្តម ចេប គឹមអេងអនុប្រធាន គណបក្សភ្លើងទៀន ជាទីគោរព!
  • លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ជាទីគោរព
  • សូមគោរព ឯកឧត្តម ចាន់ ចេង ប្រធានក្រុមការងា ខេត្តកណ្តាល
  • សូមគោរព ឯកឧត្តម ឃឹម ឡាគី អនុប្រធាន លោកជំទាវ ពត ពៅ អនុប្រធាន លោកជំទាវ ឡាយ បូនី អនុប្រធាន ក្រុមការងារខេត្តកណ្តាល ជាទីគោរព
  • សូមគោរព គណៈអធិបតី សមាជិក សមាជិកា និងក្នុងអង្គពិធីទាំងអស់ជាទីគោរព!
    ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ តាងនាមឱ្យអនុប្រធាន លេខាធិការ ហិរញ្ញឹក និងសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាល មានកិត្តិយសក្រៃលែង និងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាល និងរៀបចំពិធីប្រកាសសុពលភាពនាពេលនេះ។
    កណ្ដាល គឺជាខេត្តមួយ ក្នុងចំណោមបណ្តារាជធានី ខេត្តទាំង២៥ នៃប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេស។ ខេត្តមានព្រំដែន៖
    • ខាងកើតជាប់ខេត្តព្រៃវែង
    • ខាងត្បូងជាប់ ខេត្តតាកែវ
    • ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
    • ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។
    ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃរាជធានីភ្នំពេញ។
    ខេត្តកណា្តលមានស្រុកចំនួន១០ ក្រុងចំនួន០៣ ឃុំសង្កាត់ ១២៧ឃុំ សង្កាត់ និងភូមិចំនួន១,០១០។ មានផែ្ទដី ៣,៥៦៨គីឡូម៉ែតការេដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ខេត្តកណ្តាលមានប្រជាជនសរុបចំនួន ១.១៩៥.៥៤៧ នាក់ (យោងជំរឿនថ្នាក់ជាតិឆ្នាំ២០១៩) ក្នុងនោះប្រជាជនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងចំនួន ៨៨៥,២៥៦នាក់ (ស្រី ៤៥០,៨១២នាក់) អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ៨១៨,៤៦០ នាក់ (ស្រី ៤៣៤,៩០១ ទិន្ន័យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២)។
    យើងបានដឹងហើយថា គណបក្សភ្លើងទៀន គឺជាគណបក្សមួយដែលត្រូវបានបង្កើតឡើងដោយស្ថាបនិក ជាឥស្សរជននយោបាយជាន់ខ្ពស់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ដែលមានឈ្មោះដើមថា “គណបក្សជាតិខ្មែរ”។ បើគិតមកដល់ពេលនេះគណបក្សមានអាយុកាល ២៧ឆ្នាំហើយ។ ក្នុងរយៈពេលនេះ គណបក្សបានផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈចាប់តាំងពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មក គណបក្សភ្លើងទៀនបានធ្វើសកម្មភាព និងចលនានយោបាយឡើងវិញ ដើម្បីបន្តស្មារតីដើមរបស់ខ្លួនដើម្បីបុព្វហេតុប្រជារាស្ត្រ និងប្រទេសជាតិដូចដើម។ បើទោះបីជាគណបក្សរបស់យើងមានការផ្លាស់ប្តូរឈ្មោះ ព្រមទាំងផ្អាកសកម្មភាពមួយរយៈពេល ដើម្បីផ្លាស់ប្តូរនូវយុទ្ធវិធី និងវិធីសាស្ត្រមួយចំនួន ក្នុងសកម្មភាពនយោបាយក្តី ប៉ុន្តែយើងនៅតែរក្សាគោលដៅដើមដដែលឥតងាករេ គឺទាមទារឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ការគោរពសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ការពារ បូរណភាពទឹកដី ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនរបស់យើង តាមរយៈការបោះឆ្នោតមួយដែលត្រឹមត្រូវ និងយុត្តិធម៌។
    ដើម្បីឱ្យបានដឹងពីដំណើរការវិវត្តិ របស់គណបក្សភ្លើងទៀនខេត្តកណ្តាល ខ្ញុំបាទសូមលើយកយកនូវសកម្មភាព និងបុព្វហេតុមួយចំនួន មុននឹងឈានដល់ការបើកទីស្នាក់ការ និងប្រកាសដំណើរការគណបក្សភ្លើងទៀនខេត្តកណ្តាល ដូចតទៅ៖ក្រោយពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយអយុត្តិធម៌ ថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួន ត្រូវបានចាប់ដាក់ពន្ធនាគារ (ក្នុងនោះក៏មានរូបខ្ញុំផងដែរ ដែលត្រូវបានគេចាប់ខ្ញុំដាក់ពន្ធនាគារ៍ ឥឡូវនេះ គេក៏បានចាប់ ឯកឧត្តម ថាច់ សេដ្ឋា អនុប្រធានគណបក្ស ដាក់ពន្ធនាគារផង់ទៀតដែរ) មួយចំនួនភៀសខ្លួនទៅបរទេស មួយចំនួនត្រូវជាប់បំរាមនយោបាយ និងមួយចំនួនសំងំមិនធ្វើសកម្មភាព ដែលធ្វើឱ្យចលនាប្រជាធិបតេយ្យដេកស្តូកស្តឹង ការកៀបសង្កត់ ការគម្រាមកំហែងបំភិតបំភ័យ ការបញ្ចុះបញ្ចូល ការទិញដូរ កាន់តែខ្លាំងឡើងៗ។ ……………. (និយាយពីសាវតាពេលចាប់ផ្តើមពិភាក្សាដំណើរការគណបក្សភ្លើងទៀនថ្នាក់ជាតិ និងនៅខេត្តកណ្តាល រហូតដល់ ការប្រកាសគណបក្សភ្លើងទៀនខេត្តកណ្តាល បានចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១)………. ដោយការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត និងធនធាន របស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សភ្លើងទៀនខេត្តកណ្តាល ជាលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត ឆ្នាំ២០២២កន្លងមកនេះ គណបក្សរបស់យើងទទួលបានលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ គឺគណបក្សភ្លើងទៀនទទួលបាន ១៥៤,៣៧១ សំឡេង ស្មើរនឹង(១៨៧ អាសនៈក្នុងចំណោម ៩១៥ អាសនៈ ស្មើនឹង ២០.៤៤%) ក្នុងចំណោមអ្នកបោះឆ្នោតសរុប ៦៦៣,១៣២ សំឡេង ស្មើរនឹង(២៣.៧៧%)។ ទោះបីជាលទ្ធផលនេះមិនទាន់បានសម្រេចដូចអ្វីដែលយើងចង់បានក៏ដោយ ប៉ុន្តែបើគិតពីរយៈពេល យើងមានរយ:ពេលតែបីតែខែប៉ុណ្ណោះ និងឧបសគ្គដែលពួកយើងបានជួបប្រទះ គឺលទ្ធផលនេះបង្ហាញពីភាពខ្លាំង និងការគាំទ្រដ៏ផុសផុលពីប្រជាពលរដ្ឋ ហើយវាជាការចាប់ផ្តើមជំហានដំបូងនៃជ័យជម្នះរបស់យើង ដើម្បីឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខជាក់ជាមិនខាន។ លទ្ធផលនេះបានមកពីការខិតខំប្រឹងប្រែង សាមគ្គីគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្ររបស់គណបក្សភ្លើងទៀនទូទាំងខេត្តកណ្តាលទាំងអស់គ្នា។
    គណៈអធិបតី សមាជិកសមាជិកាអង្គពិធីទាំងអស់ជាទីគោរពស្រឡាញ់!
    យុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់គណបក្សដ៏សំខាន់បំផុតមួយគឺ ការពង្រឹង និងរៀបចំរចនាសម្ព័ន្ធផ្លូវការ និងច្បាស់លាស់នៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីឱ្យការដឹកនាំ និងរបៀបរបបធ្វើការងារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់ដំណើរឆ្ពោះទៅឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខនេះ។ ជាក់ស្តែង ថ្នាក់ដឹកនាំគណបក្សបាននឹងកំពុងមមាញឹកក្នុងការចុះប្រកាសសុពលភាពក្រុមការងារ និងគណកម្មាធិការប្រតិបត្តិនៅតាមបណ្តាខេត្តមួយចំនួនរួចហើយ ហើយថ្ងៃនេះផងដែរ ជាកិត្តិយសបំផុត ដែលថ្នាក់ដឹកនាំគណបក្សបានចុះមករៀបចំពិធីប្រកាសសុពលភាព ក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាល។ តាងនាមខ្ញុំបាទជាប្រធាន អនុប្រធាន លេខាធិការ ហិរញ្ញឹក និងសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាលទាំងអស់ សូមសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់សេចក្តីទុកចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ពិធីថ្ងៃនេះ។
    តាងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិកា គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរព និងអនុវត្តតាមនូវសេចក្តីសម្រេចរបស់គណបក្សដោយឥតងាករេ ហើយដើម្បីជាភស្តុតាង និងភាពច្បាស់លាស់ ខ្ញុំបាទសូមធ្វើការប្តេជ្ញាចិត្តដូចតទៅ៖
  • ស្មោះត្រង់ជានិច្ចចំពោះគណបក្ស ចំពោះប្រជាពលរដ្ឋខ្មែរ និងជាតិមាតុភូមិ
  • គោរព និងអនុវត្តនូវលក្ខខន្តិកៈ និងរាល់សេចក្តីសម្រេចរបស់គណបក្ស
  • ពង្រឹងរចនាសម្ព័ន្ធ និងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងខ្លាំងក្លា
  • លះបង់អស់ពីកម្លាំងកាយចិត្ត និងធនធាន ជំរុញសកម្មភាពគ្រប់រចនាសម្ព័ន្ធក្នុងខេត្តឱ្យមានសន្ទុះកាន់តែលឿន និងមានប្រសិទ្ធភាព
  • យកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ចលនាយុវជន និងស្ត្រីក្នុងខេត្ត
  • ពង្រឹង និងរៀបចំររៀបរបបធ្វើការងារឱ្យបានល្អ និងកាន់តែមានប្រសិទ្ធភាព
  • អនុវត្តកិច្ចការផ្សេងទៀត តាមការចាំបាច់ ជាក់ស្តែង និងតាមការណែនាំរបស់គណបក្ស
    អង្គពិធី ជាទីគោរព!ដើម្បីឈានដល់ការឈ្នះការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះ គឺថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិកាប្រតិបត្តិ និងសមាជិក សមាជិកការគណបក្សភ្លើងទៀនខេត្តកណ្តាលទាំងអស់ត្រូវពួតដៃសហការ សាមគ្គីភាពគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ហើយត្រូវធ្វើសកម្មភាព តាមគ្រប់រចនាសម្ព័ន្ធ និងចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។ ជាងនេះទៅទៀតគោលដៅដ៏សំខាន់ទៀតនោះ គឺការទាក់ទាញយុវជន ស្ត្រី និងមហាជនឱ្យគាំទ្រនិងហ៊ានចេញធ្វើសកម្មភាពជាមួយគណបក្សភ្លើងទៀនឱ្យបានកាន់តែច្រើនឡើងៗ និងផុលផុស។ ប្រទេសយើង ក្លាយទៅជាប្រទេសមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋពិតប្រាកដ និងការអភិវឌ្ឍខ្លាំងក្លា គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ហើយដើម្បីសម្រេចទៅបាន គឺទាល់តែប្រជារាស្ត្រខ្មែរ ជាពិសេសយុវជន ចូលរួមក្នុងសកម្មភាពនយោបាយ តាមដាន និងយកចិត្តទុកដាក់អំពីនយោបាយឱ្យច្បាស់លាស់ និងសកម្ម ព្រោះប្រទេសរីកចម្រើន គឺប្រទេសដែលមានប្រជារាស្ត្រ និងយុវជនសកម្មក្នុងសកម្មភាពនយោបាយ។ រឿងនយោបាយជារឿងប្រទេសជាតិ ជាភារកិច្ចរបស់យើងទាំងអស់គ្នា មិនមែនជារឿងរបស់បុគ្គលណា ឬក្រុមណាមួយឡើយ យើងទាំងអស់គ្នាជាម្ចាស់ ជាអ្នកសម្រេចជោគវាសនារបស់ប្រទេសជាតិយើង នយោបាយគឺគ្របដណ្តប់លើគ្រប់វិស័យ។ យើង ចូលរួមសកម្មភាពនយោបាយ ចូលរួមជាមួយគណបក្សភ្លើងទៀន ដែលយុវជនបន្តវេនជាយុវជនស្រលាញ់ជាតិ ស្រលាញ់ប្រជាធិបតេយ្យពិតប្រាកដ មិនមែនជាយុវជនបន្តពូជ បន្តវង្សត្រកូលឡើយ។ សូម យុវជនទាំងអស់ ចូលរួមក្នុងសកម្មភាពនយោបាយ ចូលជាមួយរួមគណបក្សភ្លើងទៀន ព្រោះពួកអ្នកជាសសរទ្រូងរបស់ប្រទេសជាតិ សង្គមជាតិ និងអាចក្លាយជាអ្នកដឹកនាំប្រទេសនៅពេលអនាគត។
    ជាទីបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណដល់គណៈអធិបតី និងសមាជិកនៃអង្គពិធីទាំងមូល ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីប្រកាសសុពលភាពក្រុមការងារខេត្តកណ្តាល និងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាលនាពេលនេះ។ ខ្ញុំបាទសូមគោរពជូនពរដល់គណៈអធិបតី សមាជិក សមាជិកាក្នុងអង្គពិធីទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសេចក្តីប្រកាសស្វាគមន៍ការចូលរួមការតស៊ូដេីម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកគ្រូរ៉ុង ឈុន
Next articleលិខិតចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវប៊ុន សុថា

Leave a reply

Please enter your comment!
Please enter your name here